ឯកឧត្តម ឈិន យីឈី (QIN YIZHI) អនុរដ្ឋមន្ត្រី ស្ថាប័នរដ្ឋសម្រាប់ប្បញ្ញត្តិទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីជួបពិភាក្សាការងារជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មរួចមក នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៩ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជួន វន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង លោកជំទាវ ពៅ វរលក្ម្សណ៍ ប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រ នៅអគារមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ។
ឯកឧត្តម ជួន វន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តម ឈិន យីឈី (QIN YIZHI) នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសង្ឃឹមថាទស្សនៈកិច្ចនេះនឹងរួមចំណែកពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ដែលពាក់ព័ន្ធទៅនឹង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងប្រទេសចិន។ ឯកឧត្តម ឈិន យីឈី (QIN YIZHI) ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ជួន វន និងលោកជំទាវ ពៅ វរលក្ម្សណ៍ ដែលបានទទួលជួប ពិភាក្សាការងារ និងបានបញ្ជាក់ថាគោលដៅនៃទស្សនៈកិច្ចនេះគឺ ផ្តោតសំខាន់លើការពង្រឹង នៃការទំនាក់ទំនងលើវិស័យមាត្រាសាស្ត្រ និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងបន្ថែមទៀត ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃក្រសួងទាំងពីរ សំដៅរួមចំណែកធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា កាន់តែមានភាពស៊ីជម្រៅ និងរីកចម្រើនថែមទៀតស្របតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។